HomeNewsការរស់នៅជាមួយមេរោគអេដស៍អាចទ្រាំទ្របាន ប៉ុន្តែការប្រឈមនឹងជំងឺធ្ងន់ធ្ងរជារឿងសំខាន់

ការរស់នៅជាមួយមេរោគអេដស៍អាចទ្រាំទ្របាន ប៉ុន្តែការប្រឈមនឹងជំងឺធ្ងន់ធ្ងរជារឿងសំខាន់

អ្នកស្រី រ.ណ ជាស្រ្តីមេម៉ាយ មានកូនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ហើយសព្វថ្ងៃអ្នកស្រីរស់នៅជាមួយបងប្អូន ដែលមានទីតាំងនៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ក្រោយពីប្តីរបស់គាត់បានស្លាប់ដោយសារជំងឺអេដស៍តាំងពីឆ្នាំ១៩៩៩មក អ្នកស្រីបានលក់ទ្រព្យសម្បត្តិដែលសេសសល់ រួមទាំងផ្ទះផ្ទាល់ខ្លួន ដើម្បីព្យាបាលជំងឺផ្សេងៗ និង ឧបត្ថម្ភកូនឲ្យបានរៀនសូត្រ ។

 

អ្នកស្រីបានធ្វើតេស្តដឹងថាមានេរោគអេដស៍នៅឆ្នាំ២០០០ ហើយចាប់ផ្តើមប្រើឳសថប្រឆាំងមេរោគអេដស៍ចាប់ពីពេលនោះមក ដោយចាប់ផ្តើមពីការទិញឳសថពីគ្រូពេទ្យឯកជន និងបន្ទាប់មកទទួលការព្យាបាលតាមនៅមន្ទីរពេទ្យរដ្ឋ ។ បន្ទាប់ពីលក់ផ្ទះផ្ទាល់ខ្លួន អ្នកស្រីបានជួលបន្ទប់មួយសំរាប់ស្នាក់នៅ ហើយក្រោយមកក៍សំរេចមករស់នៅជាមួយប្អូនបង្កើត ដោយសារមិនអាចទប់ទល់នឹងថ្លៃឈ្នួលផ្ទះនិងចំណាយផ្សេងៗប្រចាំថ្ងៃ ដោយពេលខ្លះអ្នកស្រីគ្មានការងារធ្វើ ឬក៍មានការងារដែលមានប្រាក់កំរៃតិចតួចតាមសមត្ថភាពដែលអ្នកស្រីអាចធ្វើបាន។

ប្តីរបស់អ្នកស្រីជាអតីតនាយទាហានជាន់ខ្ពស់ដែលមានឋាន:ជាឧត្តមសេនីយទោ(ផ្កាយ២) នៅអគ្គសេនាធិការដ្នាននៃក្រសួងការពារជាតិ ផ្នែកទ័ពជើងគោក ។ អ្នកស្រីគឺជាសកម្មជនដែលធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍អស់រយ:ពេលជាច្រើនឆ្នាំជាមួយអង្គការស្រ្តីនៃក្តីសង្ឃឹម ក្នុងតួនាទីជាជអ្នកសំរបសំរួលសហគមន៍ និង ចុងក្រោយជាអ្នកសំរបសំរួលបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ប្រចាំទីក្រុងភ្នំពេញ ប៉ុន្តែអ្នកស្រីបានសំរេចលាឈប់ពីការងាដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ ។ អ្នកស្រីបានធ្វើការវះកាត់គ្រួសក្នុងតំរងនោមនៅគ្លីនិកឯកជនមួយដោយចំណាយអស់ថវិកាជិត៦០០ដុល្លា បន្ទាប់ពីមានរោគសញ្ញាចុកចាប់ជាប្រចាំ ប៉ុន្តែក្រោយពីវះកាត់រួចសភាពជំងឺរបស់គាត់ពុំបានធូរស្រាលឡើយ ហើយគ្រូពេទ្យបានផ្តល់ព៌តមានថា គ្រលៀនរបស់គាត់ត្រូវបានខូចមួយចំហៀង ដោយមានស្នាមដំបៅរលួយធ្ងន់ធ្ងរ នឹងត្រូវការវះកាត់ជាបន្ទាន់ ដោយបង្ហាញពីសេវាវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត ។

 

គាត់និងក្រុមគ្រួសារក៍សំរេចធ្វើការវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយចុងក្រោយគ្រលៀនខាងស្តាំរបស់គាត់ត្រូវបានកាត់ចេញដូចដែលមានរូបភ្ជាប់មកជាមួយ តែជាសំណាងល្អលទ្ធផលពីមន្ទីរពិសោធន៍ ពុំបានបង្ហាញពីរោគសញ្ញាវិវត្តិនៃជំងឺមហារីកឡើយ ។

ក្នុងនាមជាស្រ្តីមេម៉ាយ និង គ្មានប្រាក់ចំណូល ខ្លួនគាត់ផ្ទាល់ពុំមានលទ្ធភាពបង់ថ្លៃសេវាមន្ទីរពេទ្យឡើយ ដោយជាដំបូងគាត់មិនសំរេចចិត្តធ្វើការវះកាត់នៅមន្ទីរកាល់ម៉ែតឡើយ ដោយសុខចិត្តជំនួសដោយសេចក្តីស្លាប់ ប៉ុន្តែបងប្អូនគាត់បានខ្នះខ្នែង រៃអង្គាសថវិកាដើម្បីសំរេចធ្វើការវះកាត់បន្តទៀត ដោយបានផ្តល់ជាកំលាំងចិត្តជាពិសេសពីសមាជិកបណ្តាញ ។ អ្នកស្រីបានស្នាក់នៅនិងព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែតអស់រយ:ពេលជាងកន្លះខែ ដោយចំណាយសរុបទាំងអស់ប្រមាណ២៥០០ដុល្លា។ 

បណ្តាញរស់នៅជាមួយមេរោគអេដស៍ក្នុងប្រទេសកម្ពុជា(Cambodian People living with HIV Network-CPN+)  បានព្យាយាមសំរបសំរួលដើម្បីគៀងគរថវិកាខ្លះដើម្បីសំរួលបន្ទុកបណ្តោះអាសន្នបានមួយកំរិតតូចប៉ុណ្ណោះ ដោយសារពេលបណ្តាញថិតក្នុងតំណាក់កាលអន្តរកាលនៃជំនួយថវិកា។

ទោះបីជាពេលនេះ បងប្អូននិងក្រុមគ្រួសារ បានខិតខំប្រឹងប្រែង ជួយឧបត្ថម្ភលើការវះកាត់ និង ចំណាយផ្សេងៗមួយចំនួន ប៉ុន្តែ អ្នកស្រី សំដែងការបារម្ភយ៉ាងខ្លាំងចំពោះការព្យាបាលជាប្រចាំដូចជា ការព្យាបាលបន្តនៅផ្ទះ និង អនាគតដ៍ខ្លីខាងមុខ ដូចជាការប្រើប្រាស់ឳសថជាប្រចាំដើម្បីសំរួលដល់ដំណើរការតំរងនោម ដោយសារការបាត់បង់មុខងារគ្រលៀន និង ជាពិសេសការលាងឈាមជាប្រចាំ  ដូចដែលអ្នកស្រីបានឃើញអ្នកជំងឺមួយចំនួនដែលមិនមែនជាអ្នកផ្ទុកមេរោគអេដស៍ផង ចុះទំរាំអ្នកស្រ្តីមានមេរោគអេដស៍ក្នុងខ្លួនស្រាប់ តើផលលំបាកនឹងធ្ងន់ធ្ងរកំរិតណា ជាពិសេសផលប៉ះពាល់បន្ថែមនៃការប្រើឳសថប្រឆាំងមេរោគអេដស៍ ។

តាមរយ:បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ ប្រចាំប្រទេសកម្ពុជា អ្នកស្រីសូមអំពាវនាវ ដល់សប្បុរសជន ស្ថាប័នផ្តល់ជំនួយសប្បុរសធ៌ម ជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន មេត្តាជួយឧបត្ថម្ភដល់អ្នកស្រី ដើម្បីលៃលកនិងដោះស្រាយលើការព្យាបាល តាមលទ្ធភាពដែលអាចធ្វើបាន ដូចដែលលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតតែងតែជួយឧបត្ថម្ភគាំទ្រដល់អ្នកដែលរងគ្រោះដោយសារមេរោគអេដស៍ ជាច្រើនឆ្នាំកន្លងមក។

ព៌តមានបន្ថែម សូមទាក់ទងលោក ស៊ន សុធារិទ្ធ អ្នកសំរបសំរួលថ្នាក់ជាតិ បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ប្រចាំប្រទេសកម្ពុជា (CPN+) តាមរយ:
  • ទូរស័ព្ទលេខ: 089 685 686
  • Line: Sotheariddh Sorn
  • Facebook: Sorn Sotheariddh
  • Skype: love.riddh